ពិធីប្រកាសតែងតាំងប្រធានសភាពសហព័ន្ធយុវជនកម្ពុជាស្រុកត្បូងឃ្មុំ និងការបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ លើទិសដៅឆ្នាំ២០២៥ របស់សហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់ស្រុក

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ ( ស.ស.យ.ក.) ស្រុកត្បូងឃ្មុំប្រចាំឆ្នាំ២០២៤ និងលើកទិសដៅកាងារសម្រាប់ឆ្នាំ២០២៥ និងពិធីប្រកាសទទួលស្គាល់ប្រធាន (ស.ស.យ.ក) ស្រុកត្បូងឃ្មុំ។

ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ប្រតិភូសមាជិក (ស.ស.យ.ក) ថ្នាក់ខេត្ត លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ ក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោក លោកស្រីប្រធានការិយាល័យ/អង្គភាពចំណុះរដ្ឋបាលស្រុក កងកម្លាំងទាំងបីប្រភេទ លោក លោកស្រីមេឃុំទាំង១៤ ស្មៀនឃុំទាំង១៤ ព្រមទាំងអ្នកដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោក ឡាង សុផល អនុប្រធាន (ស.ស.យ.ក) ខេត្តត្បូងឃ្មុំបានឡើងអាននូវសេចក្តីសម្រេចរបស់គណៈកម្មាធិការស.ស.យ.ក ខេត្តត្បូងឃ្មុំដែលបានសម្រេចតែងតាំងលោក សេង សុខខឿន ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកត្បូងឃ្មុំជំនួសលោក ម៉ម ស៊ុន ដែលបានចូលនិវត្តន៍។

បន្ទាប់មក លោក សេង សុខខឿន ប្រធាន(ស.ស.យ.ក) ស្រុកត្បូងឃ្មុំដែលទើបត្រូវបានតែងតាំងថ្មីបានសម្តែងនូវការប្ដេជ្ញាចិត្ត ធ្វើការដឹកនាំក្រុមការងារ និងសមាជិក សមាជិកានៃ ស.ស.យ.ក ស្រុកបន្តអនុវត្តកិច្ចការងាររបស់ ស.ស.យ.ក ស្រុកឱ្យបានរីកចម្រើនបន្ថែមទៀត និងស្របតាមគោលដៅរបស់ ស.ស.យ.ក ថ្នាក់ខេត្ត និងថ្នាក់ជាតិដែលបានដាក់ចេញ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ម៉ៅ ឌុង ប្រធាន (ស.ស.យ.ក) ខេត្តត្បូងឃ្មុំបានមានប្រសាសន៍សាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចការងាររបស់ (ស.ស.យ.ក) ស្រុកត្បូងឃ្មុំ ដែលបានអនុវត្តកិច្ចការងារបានយ៉ាងល្អនាពេលកន្លងមក និងសូមឱ្យបន្តអនុវត្តកិច្ចការងារនេះឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត។

ឯកឧត្តមប្រធានបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបាននឹងកំពុងដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន ព្រមទាំងបានធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជាល្បីខ្ចរខ្ចាយលើឆាកអន្តជាតិតាមរយៈព្រឹត្តការណ៍សំខាន់ៗ តំបន់រមណីយដ្ឋានវប្បធម៌សំខាន់ៗ ជាពិសេសព្រឹត្តការណ៍សាទរកម្ពុជាដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ទើបតែបញ្ចប់ទៅនាពេលថ្មីៗនេះដែលបានទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកកម្សាន្តនៅទឹកដីកម្ពុជាច្រើនកុះករហើយនាពេលខាងមុខនេះយើងមានព្រឹត្តការណ៍ជាតិសំខាន់មួយទៀតគឺព្រឹត្តការណ៍អបអរសាទរសង្ក្រាន្តឆ្នាំថ្មីនៃមហាគ្រួសារខ្មែរដែលនឹងរៀបចំឡើងនៅលើទឹកដីសៀមរាបអង្គរដែលជាទីក្រុងវប្បធម៌ដ៏ប្រណិតរបស់កម្ពុជាយើង។

ឯកឧត្តមប្រធានបានគូសបញ្ជាក់ថា ជាមួយគ្នានេះយុវជនគឺដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ការងារសង្គមដែលជាគោលដៅរបស់សហភាពសហព័ន្ធយុវជនកម្ពុជាដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាតែងតែរៀបចំឱ្យមានកម្មវិធីសំខាន់ៗ មិនត្រឹមតែការរៀបចំព្រឹត្តការណ៍នានាទេចំពោះការងារជួយសង្គម ជួយដល់បងប្អូនប្រជាពលរដ្ឋតាមរយៈការងារស្ម័គ្រចិត្តរបស់យុវជននៃស.ស.យ.ក. យើងផងដែរដែលកម្លាំងនៃយុវជនគ្រប់គ្នានេះហើយគឺបានលើកកម្ពស់សក្តានុពលប្រទេសកម្ពុជាយើងហើយក្នុងនាមយើងជាសមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់ខេត្ត ក្រុង ស្រុក គប្បីចូលរួមទាំងអស់គ្នាដើម្បីលើកស្ទួយដល់ខេត្តត្បូងឃ្មុំរបស់យើងឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍