
ឯកឧត្ដម ង៉ូវ បូរីណា អញ្ជេីញជាអធិបតីក្នុងវេទិកាសាធារណៈក្នុងសង្កាត់ព្រះស្រែ
(កំពង់ស្ពឺ)៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ព្រះស្រែបានអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិកាសាធារណៈដេីម្បីត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រះស្រែ ក្រុងឧត្ដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលរួមពីអភិបាលរងក្រុង មន្រ្ដីជំនាញមន្ទីរពាក់ព័ន្ធជុំវិញក្រុង និងប្រជាពលរដ្ឋសរុបជាង ៣០០នាក់។
ក្នុងឱកាសវេទិកាសាធារណៈ ឯកឧត្ដម ង៉ូវ បូរីណា បានថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋានដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ចូលរួមជួយដោះស្រាយសុខទុក្ខប្រជាពលរដ្ឋក្នុងភូមិទាំង៥ នៃសង្កាត់ព្រះស្រែ។
ឯកឧត្ដមបានបន្ដថា បញ្ហានានា សូមឱ្យប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល និងសហការជាមួយអាជ្ញាធរមូលដ្ឋានដេីម្បីស្វែងរកដំណោះស្រាយហេីយសុំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ឱ្យបានខ្ពស់លេីបញ្ហាសុខភាព បរិស្ថានរស់នៅ ការទុកដាក់សំរាម និងការកាត់បន្ថយការប្រេីប្រាស់ថង់ប្លាស្ទិក និងចូលរួមកាត់បន្ថយឱ្យបាននូវផលប៉ះពាល់នៃការដុតសំណល់ប្លាស្ទិក។
ឯកឧត្ដមបានគូសបញ្ជាក់ទៀតថា អាជ្ញាធរក្នុងមូលដ្ឋានត្រូវតែធ្វើឱ្យបាន និងអនុវត្តឱ្យភូមិឃុំ មានសុវត្ថិភាពដេីម្បីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានទទួលបានសុខសុវត្ថិភាព និងគ្មានបញ្ហាគ្រឿងញៀនដែលបំផ្លាញសង្គមជាតិ៕