តើគម្រោងស្ដារប្រឡាយ និងធ្វើផ្លូវលំអមសងខាងចំនួនពីរខ្សែដោយមិនមានសំណងផលប៉ះពាល់ជូនពលរដ្ឋគឺជាការធ្វើនំអត់ម្សៅរបស់អាជ្ញាធរដែរឬយ៉ាងណា?

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ខេត្តកំពង់ស្ពឺ)៖ ប្រជាពលរដ្ឋដែលមានដីអាស្រ័យផល និងរស់នៅជាប់ខ្នងប្រឡាយអូរក្រាំងអំបិលមិនសប្បាយចិត្តនឹងគម្រោងអភិវឌ្ឍន៍ស្ដារប្រឡាយ និងពង្រីកផ្លូវរបស់អាជ្ញាធរខេត្តព្រោះពួកគាត់ជួបផលប៉ះពាល់ អស់ដី អស់ផ្ទះមិនដឹងទៅរស់នៅឯណាដោយឡែកអាជ្ញាធរមិនមានសំណងណាមួយដោះស្រាយជូនពួកគាត់នោះទេ តើនេះជាការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរដែរទេ? ឬជាការកាត់បន្ថយភាពក្រីក្រជូនពលរដ្ឋខណៈដីប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធិប្លង់រឹងដែលមន្រ្តីជំនាញចុះវាស់វែងដីធ្លីជាប្រព័ន្ធនិងបានចេញប័ណ្ណកម្មសិទ្ធិប្លង់រឹងជូននៅក្នុងឆ្នាំ២០០៩។

ប្រជាពលរដ្ឋម្នាក់ដែលបានមកទិញដីនៅជាប់ខ្នងប្រឡាយអូរក្រាំងអំបិល ដោយសំអាងទៅលើ (ប័ណ្ណកម្មសិទ្ធិប្លង់រឹង) និងបានរស់នៅអាស្រ័យផលជាង ១០ឆ្នាំហើយនោះបានលើកឡើងថា ការស្ដារប្រឡាយនិងពង្រីកផ្លូវខាងលើនេះ អាជ្ញាធរខេត្តបានកំណត់ និងតម្រូវឱ្យគាត់បរិច្ចាគកាត់ដីក្នុង(ប័ណ្ណកម្មសិទ្ធិប្លង់រឹង) ចំនួន០៥ម៉ែត្រក្បាលដីដើម្បីពង្រីកផ្លូវតែមិនមានសំណងណាមួយដល់គាត់នោះទេទាំងដែលដីរបស់គាត់មានប័ណ្ណកម្មសិទ្ធិប្លង់រឹងរួចហើយនោះ។

ប្រជាពលរដ្ឋដដែលបានបន្តទៀតថា ពាក្យថាបរិច្ចាគគឺស្មើនឹងធ្វើទាន អ្នកដែលមានសទ្ធាធ្វើទានគឺគេធ្វើទៅតាមលទ្ធភាពដែលអាចធ្វើទៅបានមិនមានការបង្ខិតបង្ខំ ឬក៏ជាការកំណត់ពីបុគ្គលណាម្នាក់នោះឡើយតែអស់លោកអាជ្ញាធរខេត្តកំពង់ស្ពឺបានកំណត់ និងតម្រូវឱ្យប្រជាពលរដ្ឋដែលមានដីជាប់ខ្នងប្រឡាយខាងលើត្រូវកាត់ដី (ក្នុងប័ណ្ណកម្មសិទ្ធិប្លង់រឹង) ដោយមួយគ្រួសារម្ខាង ០៥ម៉ែត្រក្បាលដី និងមិនមានគោលការណ៍សំណងណាមួយជូនដល់ពួកគាត់ (តើឱ្យគាត់ទៅរស់នៅកន្លែងណា) ការកំណត់និងតម្រូវឱ្យកាត់ដីនេះគឺជាការបង្ខិតបង្ខំពីសំណាក់អាជ្ញាធរខេត្តកំពង់ស្ពឺ។

សូមរំលឹកថាកាលពីព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនៅសាលាស្រុកសំរោងទងបានរៀបចំកិច្ចប្រជុំស្តីពីការកំណត់ប្រឡាយទឹកទទឹង ៣០ម៉ែត្រតាមបណ្តោយប្រឡាយមានប្រវែងជាង ២០០០ម៉ែត្រ ដោយមានការអញ្ជើញចូលរួមពីលោក ទិត្យ វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង សុរិយោដីខេត្តកំពង់ស្ពឺ លោក គង់ ប៊ុនណាត អភិបាលរងស្រុកសំរោងទង លោក ហែម ហ៊ន មេឃុំត្រពាំងគង និងប្រជាពលរដ្ឋចំនួន០៦ភូមិដែលមានក្បាលដីចំនួន៨២ក្បាលដីស្មើនឹង៨២គ្រួសារនៅក្នុងសាលាស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងកិច្ចប្រជុំដោះស្រាយនោះអាជ្ញាធរមិនបានរកដំណោះស្រាយគោលនយោបាយ ឬសំណងណាមួយជូនពលរដ្ឋនោះទេគឺអាជ្ញាធរបានកំណត់និងតម្រូវឱ្យប្រជាពលរដ្ឋកាត់ដីម្ខាង ០៥ម៉ែត្រក្នុង១ក្បាលដី និងពង្រីកផ្លូវខ្នងប្រឡាយដើម្បីបំពេញមហិច្ឆតាបក្សពួកបុគ្គលមួយចំនួនតែប៉ុណ្ណោះ ធ្វើឱ្យប្រជាពលរដ្ឋដែលជួបផលប៉ះពាល់មិនសប្បាយចិត្តនោះទេ។

សូមបញ្ជាក់ថាបច្ចុប្បន្នប្រឡាយទឹកមួយខ្សែនេះមានទទឹង ២០ម៉ែត្រ បណ្ដោយប្រមាណជាង ២០០០ម៉ែត្រប៉ុន្តែមិនមានតម្រូវការស្រោចស្របផលដំណាំកសិកម្មប៉ុន្មាននោះទេតែអាជ្ញាធរតម្រូវឱ្យប្រជាពលរដ្ឋកាត់ដីម្ខាង ០៥ម៉ែត្រក្បាលដីដើម្បីស្ដារប្រឡាយ និងពង្រីកបន្ថែមឱ្យបាន ៣០ម៉ែត្រ (តើការធ្វើផ្លូវ និងស្តារប្រឡាយមួយខ្សែជាង ២០០០ម៉ែត្រនេះ វាមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ឬមួយជាការឃុបឃិតគ្នាយកដីប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិប្លង់រឹងដើម្បីទុកលក់ហែកចែកគ្នាស៊ី។

គួររំលឹកថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ នៅសាលាឃុំត្រពាំងគងបានបើកកិច្ចប្រជុំដោះស្រាយរឿងដីខ្នងប្រឡាយទឹកអូរក្រាំងអំបិលដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុកសំរោងទង ប្រធានការិយាល័យភូមិបាលស្រុកសំរោងទង និងលោកមេឃុំ មេភូមិ និងមន្ត្រីពាក់ព័ន្ធដោយអាជ្ញាធរនៅតែកំណត់ និងតម្រូវឱ្យប្រជាពលរដ្ឋបរិច្ចាគ និងកាត់ដីក្នុង(បណ្ណកម្មសិទ្ធិប្លង់រឹង) របស់ពួកគាត់ម្ខាង ០៥ម៉ែត្រក្បាលដីដើម្បីពង្រីកផ្លូវទោះបីប្រជាពលរដ្ឋជួបផលប៉ះពាល់អស់ដី អស់ផ្ទះ ខូចខាតទ្រព្យសម្បត្តិក៏អាជ្ញាធរនៅតែមិនមានសំណងផលប៉ះពាល់ជូនពួកគាត់។

អស់លោកអាជ្ញាធរបាននិយាយទៀតថា ប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិប្លង់រឹងកាន់កាប់ដីនេះ កាលនោះមន្ត្រីជំនាញបានចុះវាស់វែងដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិដីឱ្យប្រជាពលរដ្ឋនោះគឺជាការធ្វើសាកល្បងហើយក៏ជាការភ័ន្តច្រឡំរបស់អាជ្ញាធរដែលបានចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងដីខាងលើនេះ (បើពិតមែននោះតើមានប្រជាពលរដ្ឋប៉ុន្មានគ្រួសាររងគ្រោះដោយសារទិញដីសំអាងលើប័ណ្ណកម្មសិទ្ធិប្លង់រឹងដែលជាការភ័ន្តច្រឡំរបស់អស់លោកអាជ្ញាធរនោះ តើឱ្យប្រជាពលរដ្ឋសង្ឃឹមអ្វី?) តើអស់លោកជំនាញធ្វើការបែបណាបានជាភ័ន្តច្រឡំចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋបែបនេះនោះ?

គួររំលឹកផងដែរថា ទីតាំងដីខាងលើនេះកាលពីអំឡុងឆ្នាំ២០០៨-២០០៩ មន្ត្រីជំនាញបានចុះវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រមូលទិន្នន័យ បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ និងចេញប័ណ្ណកម្មសិទ្ធនៅឆ្នាំ២០០៩ (ប្លង់រឹង) ចែកជូនប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដើម្បីយកទៅប្រើប្រាស់ឱ្យស្របទៅនឹងច្បាប់។

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍