ឯកឧត្ដម ង៉ូវ បូរីណា អញ្ជើញជាអធិបតីពិធីរាត្រីសមោសរមូលនិធិសង្ក្រាន្ដអូររាំងឪ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

(អូររាំងឪ)៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកអូររាំងឪ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំបានអញ្ជើញជាអធិបតីក្នុងពិធីរាត្រីសមោសរដែលរៀបចំដោយរដ្ឋបាលស្រុកអូររាំងឪ នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ស្ថិតទីស្នាក់ការគណបក្សប្រជានកម្ពុជា ស្រុកអូររាំងឪ។

ក្នុងឱកាស រាត្រីសមោរសរ ឯកឧត្ដម ង៉ូវ បូរីណា បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានពេញចិត្ដនឹងចូលរួមចែករំលែកធនធានផ្ទាល់ខ្លួនដើម្បីទ្រទ្រង់ការរៀបចំសង្ក្រាន្ដអូររាំងឪសម្រាប់ឆ្នាំ២០២៥ខាងមុខនេះ ដែលគ្រោងនឹងរៀបចំរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្ដត្បូងឃ្មុំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធស័ករាជ ២៥៧៨។

ឯកឧត្ដមបានបន្ដទៀតថា ក្រោមគំនិតផ្ដួចផ្ដើម និងជាការចង្អុលបង្ហាញរបស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន មកកាន់រដ្ឋបាលស្រុកអូររាំងឪ ដើម្បីទទួលរៀបចំ តុបតែង និងដឹកនាំគ្រប់គ្រងព្រឹត្ដិការណ៍សង្ក្រាន្ដអូររាំងឪ ឆ្នាំ២០២៥នេះ ដោយរដ្ឋបាលស្រុកផ្ទាល់ យ៉ាងណាមិញ ឯកឧត្ដមរដ្ឋមន្ដ្រីបានសម្ដែងនូវការសាទរចំពោះពិធីរាត្រីសមោសរនាឱកាសនេះដែលរដ្ឋបាលស្រុកបានរៀបចំឡើងដើម្បីផ្ដល់ឱកាសឱ្យសប្បុរសជនបានចូលរួមជាមួយអាជ្ញាធរ និងរដ្ឋបាលស្រុកលើការគាំទ្រការរៀបចំសង្ក្រាន្ដ កន្លែងកម្សាន្ដ ការតុបតែង កម្មវិធីវប្បធម៌ សាសនាជាដើម។

សូមបញ្ជាក់ផងដែរថា ក្នុងឱកាសពិធីរាត្រីសមោសរ នាល្ងាចថ្ងៃទី២២ ម្សិលមិញនេះ មានការអញ្ជើញផ្ដល់កិត្ដិយសចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្ដមសមាជិកព្រឹទ្ធសភា ឯកឧត្ដមអភិបាលរងខេត្ដ អភិបាលស្រុកអូររាំងឪ ឯកឧត្ដម លោកជំទាវ ឧកញ៉ា ម្ចាស់សហគ្រាស អាជីវករ និងមន្ដ្រីរាជការប្រមាណជាង ៤០០នាក់។

លោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឪបានអានជូននូវរបាយការណ៍អំពីដំណើរការនៃការគ្រោងរៀបចំសង្ក្រាន្ដអូររាំងឪសម្រាប់ឆ្នាំ២០២៥ខាងមុខនេះជូនគណៈធិបតី និងអង្គវិធីក្នុងនោះលោកអភិបាលបានបញ្ជាក់ថា ទីតាំងទន្លេស្ងួតជាទីតាំងប្រវត្ដិសាស្ដ្រមួយកន្លែងក្នុងស្រុកអូររាំងឪដែលពេលបច្ចុប្បន្ននេះក្រោមការដឹកនាំផ្ដួចផ្ដើមអភិវឌ្ឍន៍របស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានប្រែក្លាយពីតំបន់ ឬទីតាំងដែលមានសភាពស្ងាត់ស្ងៀមមកជាតំបន់អ៊ូអរជាទីតាំងទេសចរណ៍ក្នុងស្រុកមួយកន្លែង។

លោក ជា ណារ៉ុន បានបន្ដលើកឡើងទៀតថា ពិធីសង្ក្រាន្ដ២០២៥ អបអរសាទរឆ្នាំម្សាញ់នាឱកាសខាងមុខនេះ រដ្ឋបាលបានត្រៀមរួចជាស្រេចដើម្បីជំរុញឱ្យមានភាពសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីមជ្ឍដ្ឋាននានាដោយមានការតុបតែង ខ្លោងទ្វារសង្ក្រាន្ដ មួកយក្ស អន្សមយក្ស ល្បែងប្រជាប្រិយ ពួនភ្នំខ្សាច់ តំបន់ត្រជាក់ចិត្ដ ការប្រគំតន្ដ្រី និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុកព្រមទាំងកម្មវិធីកម្សាន្ដផ្សេងៗជាច្រើនទៀតផងដែរ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍