អាជ្ញាធរខេត្តប៉ៃលិនបណ្ដេញជនជាតិថៃឆ្លងដែនខុសច្បាប់ចំនួន០៥នាក់ត្រឡប់ទៅប្រទេសខ្លួនវិញ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ខេត្តប៉ៃលិន)៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ មានជនជាតិថៃ ចំនួន០៥នាក់ (ស្រី៣នាក់) ដែលបានលួចឆ្លងដែនបម្រុងនឹងចូលមកស្នាក់នៅ និងធ្វើការក្នុងទឹកដីខេត្តប៉ៃលិន កម្ពុជាដោយខុសច្បាប់ត្រូវបានអាជ្ញាធរខេត្ត ចាប់បញ្ជូនទៅប្រទេសថៃវិញតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បើតាមប្រភពបញ្ជាក់ពីសមត្ថកិច្ចប្រចាំការនៅព្រំដែនបានរៀបរាប់ឱ្យដឹងថា ជនជាតិថៃទាំង០៥នាក់បានលួចឆ្លងដែនចូលមកក្នុងទឹកដីប្រទេសកម្ពុជាតាមច្រកធម្មជាតិ (ច្រករបៀង) ដើម្បីមកធ្វើការនៅប្រទេសកម្ពុជាតែត្រូវបានកងកម្លាំងការពារព្រំដែនស្ទាក់ចាប់ឃាត់ខ្លួនបាន ខណៈពេលដែលពួកគេកំពុងធ្វើដំណើរដោយថ្មើរជើងឆ្លងព្រំដែន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥។ប្រភពដដែលបានបន្តទៀតថា ដោយមានការចង្អុលបង្ហាញពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ក្រុមការងារបានរៀបចំអាហារ និងកន្លែងស្នាក់នៅជូនជនជាតិថៃទាំងនោះព្រមទាំងធ្វើការទំនាក់ទំនងទៅភាគីថៃដើម្បីបញ្ជូនពួកគេទាំងនោះត្រឡប់ទៅប្រទេសថៃរបស់ខ្លួនវិញខណៈអត់មានលិខិតឆ្លងដែនត្រឹមត្រូវ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនក៏បានបញ្ជាក់ថា ទោះបីជាមានការបិទច្រកព្រំដែនកម្ពុជា-ថៃ និងស្ថានភាពនៅតាមបន្ទាត់ព្រំដែន មានភាពតានតឹងយ៉ាងណាក៏ដោយហើយទោះបីជាមានការបង្រ្កាបជាញឹកញាប់ពីសំណាក់សមត្ថកិច្ចទាំងពីរប្រទេសក៏បទល្មើសលួចឆ្លងដែនខុសច្បាប់នៅតែកើតមានឡើងរវាងប្រជាជននៃប្រទេសទាំងពីរហើយលោកជំទាវក៏បានណែនាំដល់មន្ត្រីសមត្ថកិច្ចទាំងអស់ដែលកំពុងប្រចាំការនៅក្បែរព្រំដែន ត្រូវយកចិត្តទុកដាក់យាមល្បាតឱ្យបានដិតដល់ និងមិនត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ទៅធ្វើការនៅក្នុងប្រទេសថៃឡើយដើម្បីជៀសវាងកើតមានបញ្ហាគ្រោះថ្នាក់ណាមួយដល់ពួកគាត់៕

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍