ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា៖ ដើមឈើមានសារសំខាន់ណាស់ដើម្បីបន្សុទ្ធខ្យល់ និងការពារគ្រោះធម្មជាតិ
(ព្រៃវែង)៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងមានប្រសាសន៍ថា ដើមឈើមានសារសំខាន់ណាស់ ជួយស្រូបយកឧស្ម័នពុល និងផ្ដល់ខ្យល់អាកាសបរិសុទ្ធ និងរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយកម្ដៅ។ ការពារប្រព័ន្ធអេកូឡូស៊ីលើកកម្ពស់សោភណ្ឌភាពតំបន់សាធារណៈ និងទាក់ទាញភ្ញៀវទេសចរ។ ឯកឧត្តមអភិសន្តិបណ្ឌិតមានប្រសាសន៍លើកឡើងនេះគឺនៅក្នុងឱកាសដែលឯកឧត្ដមអភិសន្តិបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីដាំដើមឈើដើម្បីអបអរសាទរ ”ពិធីបុណ្យរុក្ខទិវា” នៅទួលព័ន្ធតាលី បឹងស្នេហ៍ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ឯកឧត្ដមអភិសន្តិបណ្ឌិតមានប្រសាសន៍បន្តថា ដើមឈើផលិតអុកស៊ីសែនដែលចាំបាច់សម្រាប់ការដកដង្ហើមរបស់មនុស្ស និងសត្វហើយស្រូបយកឧស្ម័នកាបូនឌីអុកស៊ីត ដែលជាឧស្ម័នផ្ទះកញ្ចក់ជួយកាត់បន្ថយការឡើងកម្តៅផែនដី និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងជាជម្រកដ៏សំខាន់សម្រាប់សត្វគ្រប់ប្រភេទ។ ដើមឈើផ្តល់ម្លប់ និងធ្វើឱ្យបរិយាកាសត្រជាក់តាមរយៈដំណើរការហួតទឹកដែលអាចជួយបន្ថយសីតុណ្ហភាពនៅតាមទីក្រុង និងជុំវិញផ្ទះ។ ដើមឈើជួយច្រោះយកធូលី និងសារធាតុពុលផ្សេងៗពីខ្យល់ដូចជា ឧស្ម័ននីត្រាតអុកស៊ីត និងស្ពាន់ធ័រឌីអុកស៊ីត ជាដើម។
ឯកឧត្ដមអភិសន្តិបណ្ឌិតមានប្រសាសន៍អំពាវនាវដល់អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋទាំងអស់ឱ្យបន្តចូលរួមដាំ និងថែរក្សាកូនឈើដែលបានដាំឱ្យបានរស់រានមានជីវិត។ ជំរុញឱ្យមានការយល់ដឹងកាន់តែទូលំទូលាយអំពីតួនាទីរបស់ដើមឈើចំពោះជីវិតមនុស្ស និងសត្វ។ សង្កត់ធ្ងន់លើសារសំខាន់នៃការរួមសហការគ្នារវាងស្ថាប័នពាក់ព័ន្ធ និងសហគមន៍ដើម្បីធានាបាននូវភាពជោគជ័យនៃការងារអភិរក្ស។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែងបានឱ្យដឹងថា ជារៀងរាល់ឆ្នាំខេត្តព្រៃវែងតែងតែបានធ្វើការដាំដុះដើមឈើជាក់ស្តែង នៅលើដីទំនេរសាធារណៈ តាមវត្តអារាម សាលារៀន និងដាំក្នុងពិធីអបអរសាទរបុណ្យរុក្ខទិវាជារៀងរាល់ឆ្នាំ និង បានបណ្តុះកូនឈើចម្រុះគ្រប់ប្រភេទសម្រាប់ធ្វើការចែកចាយជូនប្រជាពលរដ្ឋ ព្រះសង្ឃ និងស្ថាប័នផ្សេងៗទៀត និងដាំក្នុងពិធីសម្ភោធសមិទ្ធផលនានាជារៀងរាល់ឆ្នាំ។ នៅក្នុងឆ្នាំ២០២៥នេះ ខណ្ឌរដ្ឋបាលព្រៃ ឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បណ្តុះកូនឈើចម្រុះបានចំនួន ១៥,៩៤៥ដើម មានក្រញូង បេង នាងនួន ធ្នង់ គគីរ ឈើទាល កកោះ និងប្រភេទឈើហូបផ្លែជាដើម។ល។ ទន្ទឹមនឹងនេះ បានចែកចាយកូនឈើនៅតាមបណ្តាវត្តអារាម សាលារៀន មន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ និងដាំក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់ថ្នាក់ដឹកនាំមានចំនួនសរុប ២២០៣ដើម ។
ក្នុងឱកាសអបអរសាទរបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំនេះ ដោយមានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងមានកិច្ចសហការយ៉ាងជិតស្និទ្ធពីលោកអភិបាលនៃគណៈអភិបាលស្រុកបាភ្នំសហគមន៍ទួលព័ន្ធតាឡី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តព្រៃវែង ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែងបានរៀបចំទីតាំងនៅបរិវេណទួលព័ន្ធតាឡី បឹងស្នេហ៍ ស្ថិតនៅភូមិទ័ពស្តេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែងដើម្បីប្រារព្ធពិធីដាំដើមឈើចម្រុះប្រមាណជាង ២,០០០ ដើម និងមានកូនឈើចម្រុះប្រមាណ ១,៥០០ដើមសម្រាប់ដាំជួសបន្ត និងប្រគេនព្រះសង្ឃ និងចែកជូនលោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋយកទៅដាំនៅតាមវត្តអារាម សាលារៀន និងតាមលំនៅដ្ឋានដើម្បីបន្សល់ទុកជាមរតកដល់កូនចៅជំនាន់ក្រោយ។ ទន្ទឹមនឹងនេះខណ្ឌរដ្ឋបាលព្រៃឈើបន្តធ្វើការដាំដើមឈើ និងចែកចាយកូនឈើតាមវត្តអារាម សាលារៀន តាមផ្លូវសាធារណៈ និងតាមបណ្តាស្រុកមួយចំនួនទៀតក្នុងខេត្តផងដែរ។








