កម្មករសំណង់ចំនួន៣នាក់ ពុលផ្សិតធ្ងន់ធ្ងរត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនខណៈដែលពួកគេនាំគ្នាដកផ្សិតនៅតាមមាត់អូរយកទៅធ្វើម្ហូបទទួលទាន

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

(ខេត្តប៉ៃលិន)៖ ក្រោយពេលធ្វើការរយៈពេលមួយព្រឹកពេញរហូតដល់ម៉ោងទទួលអាហារថ្ងៃត្រង់កម្មករសំណង់ចំនួន៣នាក់បាននាំគ្នាដើរទៅដកផ្សិតនៅតាមមាត់អូរ យកមកឆាធ្វើម្ហូបទទួលទានជាមួយគ្នាលុះមួយសន្ទុះក្រោយមកស្រាប់តែមានអាការៈចុកឆ្អល់ពោះ និងក្អួតចង្អោរស្ទើរបែកប្រមាត់ថ្លាន់ក៏នាំគ្នារកទឹកឃ្មុំ និងក្រូចឆ្មារ ដើម្បីផឹកបន្សាបជាតិពុលតែដោយសារស្ថិតក្នុងសភាពកាន់តែធ្ងន់ទៅៗ ទ្រាំលែងបានក៏ត្រូវបានអាជ្ញាធរ និងប្រជាការពារភូមិដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនត្រូវបានគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា។

ហេតុការណ៍កម្មករសំណង់ចំនួន០៣នាក់ពុលផ្សិតនេះ បានកើតឡើងកាលពីវេលាម៉ោង ០២:៣០នាទីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៌មានពីលោក សាន់ បានរៀបរាប់ឱ្យភ្នាក់ងារយើងដឹងថា ជនរងគ្រោះដែលពុលផ្សិត ទី១. ឈ្មោះ ផាត ថេង ភេទប្រុស អាយុ៤២ឆ្នាំ ទី២. ឈ្មោះ ចាន់ ស៊ីនួន ភេទប្រុស អាយុ៤៥ឆ្នាំ  ទី៣. ឈ្មោះ ស៊ីម ប៊ុនថា ភេទប្រុស អាយុ២២ឆ្នាំ ពួកគេទាំងអស់គ្នាជាកម្មករចំណាកស្រុកមកពីខេត្តផ្សេងៗ ដោយបច្ចុប្បន្នស្នាក់នៅធ្វើការក្នុងភូមិឃុំខាងលើ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីកម្មករជាច្រើនដែលស្នាក់នៅក្នុងភូមិខាងលើបានសម្រាកពីការងារសំណង់ ពួកគេម្នាក់ៗ បាននាំគ្នាធ្វើម្ហូបអាហារទទួលទាន ដោយឡែកមានកម្មករចំនួន៣នាក់បាននាំគ្នាដើរទៅក្បែរមាត់អូរក៏ប្រទះឃើញផ្សិតដុះលូតលាស់យ៉ាងល្អទើបនាំគ្នាដកយកទៅឆាធ្វើម្ហូបទទួលទានតែម្តង។ ក្រោយពេលទទួលទានរួច ពួកគេទាំងអស់គ្នាក៏នាំគ្នាចុះទៅធ្វើការដូចសព្វមួយដងស្រាប់តែដល់វេលាម៉ោង ០២:៣០នាទីរសៀលថ្ងៃដដែល អ្នកដែលហូបផ្សិតទាំងនោះរួចមានអាការឈឺក្បាល វិលមុខ ហេវហត់ អស់កម្លាំង និងចុកឆ្អល់ក្នុងពោះហើយចាប់ផ្តើមក្អួតចង្អោរតែម្តង។

លោក សាន់ បានបញ្ជាក់ទៀតថា ដោយសារតែក្អួតនិងរាគរូសមិនឈប់ ពួកគេក៏ទៅរកទិញទឹកឃ្មុំ និងក្រូចឆ្មាយកមកច្របាច់ផឹកដើម្បីសន្សាបជាតិពុល។ ទោះបីជាយ៉ាងណាក៏បញ្ហាក្អួតចង្អោរនេះមិនអន់ថយឡើយ ពោលគឺកាន់តែធ្ងន់ធ្ងរឡើងៗ ទើបលោកប្រញាប់ទាញយករថយន្តដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ក៏ត្រូវបានគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលារហូតមកដល់ព្រឹកថ្ងៃទី២៤ ខែតុលានេះ ជនរងគ្រោះទាំង៣នាក់បានធូរស្បើយដូចដើមឡើងវិញហើយក៏ត្រូវបានលោកដឹកយកទៅកន្លែងធ្វើការវិញហើយដើម្បីបន្តការងាររបស់ខ្លួននៅក្នុងភូមិខាងលើហើយក៏ទទួលបានការណែនាំពីអាជ្ញាធរភូមិអូរឈើក្រំឱ្យមានការប្រុងប្រយ័ត្នក្នុងការដកផ្សិតនៅតាមអូរយកទៅធ្វើម្ហូបទទួលទានផងដែរ៕

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍