លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េ
(ខេត្តប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានទទួលស្វាគមន៍ឯកឧត្តម KIM SUNGTAI អគ្គកុងស៊ុលនៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ក្នុងដំណើរទស្សនកិច្ចសិក្សាអំពីស្ថានភាពទូទៅក្នុងខេត្តប៉ៃលិនក្នុងគោលដៅពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការលើសក្តានុពលវិស័យកសិកម្ម និងទេសចរណ៍បរិស្ថានធម្មជាតិ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម KIM SUNGTAI អគ្គកុងស៊ុលនៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប និងសហការីដែលបានអញ្ជើញមកកាន់ទឹកដីខេត្តប៉ៃលិនកាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងបានជម្រាបជូនអំពីស្ថានភាពភូមិសាស្រ្ត ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្ថានភាពសេដ្ឋកិច្ច ស្ថានភាពសន្តិសុខ និងសក្តានុពលរបស់ខេត្ត។
លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា សាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជាគឺជាមិត្ដដ៏ជិតស្និទ្ធមិត្តពិតប្រាកដ និងទុកចិត្តគ្នាហើយតាមរយៈការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរចំណងមិត្តភាពនេះបានប្រែក្លាយទៅជាមិត្តភាពដែលមិនអាចកាត់ថ្លៃបាន និងជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាឱ្យបានកាន់តែស្អិតរមួតបន្ថែមទៀតហើយជាក់ស្តែងនៅខេត្តប៉ៃលិន រដ្ឋាភិបាល និងប្រជាជនកូរ៉េកន្លងមកបានជួយឧបត្ថម្ភគាំទ្រលើវិស័យនានាជាច្រើនរួមទាំងការផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រដើម្បីបានបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េផងដែរ។
ជាការឆ្លើយតបឯកឧត្តម KIM SUNGTAI អគ្គកុងស៊ុល នៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប បានមានប្រសាសន៍កោតសរសើរ វាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តប៉ៃលិនព្រមទាំងសន្យាថា នឹងខិតខំឱ្យអស់ពីលទ្ធភាពដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តប៉ៃលិនក្នុងនាមប្រទេសជាមិត្តដ៏យូរអង្វែងជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ឯកឧត្តមអគ្គកុងស៊ុលបានមានប្រសាសន៍គូសបញ្ជាក់ថា ការជួបសម្តែងការគួរសមនាពេលនេះដែរគឺមានគោលបំណងដើម្បីស្វែងរកការគាំទ្រ និងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្ម វិស័យកសិកម្ម វិស័យទេសចរណ៍ និងការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការវិនិយោគរវាងប្រទេសទាំងពីរជាពិសេសខេត្តប៉ៃលិន និងសាធារណៈកូរ៉េដើម្បីលើកតម្កើងនូវស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជននៃប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរឡើងថែមទៀត៕






