រដ្ឋបាលក្រុងប៉ៃលិនធ្វើការជួបជាមួយប្រជាពលរដ្ឋដែលសាងសង់សំយាបលើចំណីផ្លូវដើម្បីរៀបចំប្រព័ន្ធលូរំដោះទឹកនៅតាមសងខាងផ្លូវឱ្យមានសោភណ្ឌភាព

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

(ខេត្តប៉ៃលិន)៖ បច្ចុប្បន្ននៅក្នុងខេត្តប៉ៃលិនមានការអភិវឌ្ឍន៍ឥតឈប់ឈរទាំងក្នងក្រុង និងនៅតាមតំបន់ជនបទដាច់ស្រយាលជាក់ស្តែងនៅតាមផ្លូវមួយចំនួនក្នុងក្រុងប៉ៃលិន អាជ្ញាធរកំពុងសាង់សង់ និងរុះរើរំដោះចំណីផ្លូវដើម្បីងាយស្រួលធ្វើដំណើរ និងរៀបចំសណ្តាប់ធ្នាប់ឱ្យមានរបៀបរៀបរយហើយបង្កើតឱ្យមានសោភណ្ឌភាពទីក្រុងថែមទៀត។

ដោយឱ្យប្រជាពលរដ្ឋចូលរួមផ្តល់ជាមតិទើបនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោក ចក់ ឬទ្ធី អភិបាលរងក្រុងប៉ៃលិន បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរុះរើសំណង់ ដែលកំពុងសាងសង់នៅលើដីចំណីផ្លូវរបស់រដ្ឋតាមបណ្តោយផ្លូវបេតុង ចំណុចបេឡានថ្មីស្ថិតនៅភូមិអូរតាពុកលើ ភូមិបឌិននៀវ សង្កាត់ប៉ៃលិន និងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ជួបជាមួយនឹងមន្ត្រីជំនាញរដ្ឋបាលក្រុងប៉ៃលិន អាជ្ញាធរសង្កាត់ប៉ៃលិន និងសង្កាត់ទួលល្វាព្រមទាំងប្រជាពលរដ្ឋពាក់ព័ន្ធនៅក្នុងសាលប្រជុំសាលាក្រុងប៉ៃលិនដែលមានប្រជាពលរដ្ឋចូលរួមជិត៣០នាក់។

បើតាមការលើកឡើងពីលោក ចក់ ឬទ្ធី អភិបាលរងក្រុងប៉ៃលិនបានលើកហេតុផលពីច្បាប់ភូមិបាល និងច្បាប់ផ្សេងៗថា ដីរបស់បងប្អូនប្រជាពលរដ្ឋសុទ្ធតែមានប្លង់ប្រព័ន្ធត្រឹមត្រូវអស់ហើយខាងអាជ្ញាធរក៏អភិវឌ្ឍន៍តែលើដីចំណីផ្លូវប៉ុណ្ណោះមិនឱ្យចូលក្នុងប្លង់របស់ប្រជាពលរដ្ឋណាម្នាក់ឡើយ។

លោកបន្តទៀតថា ហើយផ្លូវចំណុចបេនឡានថ្មីនេះគឺផ្លូវនិងចំណីផ្លូវ២០ម៉ែត្រតែដោយមានការសំណូមពរពីប្រជាពលរដ្ឋជំហានទី១នេះ គឺឱ្យបងប្អូនប្រជាពលរដ្ឋរុះរើវាស់សំយាបពីចិញ្ចើមផ្លូវប្រវែង៣ម៉ែត្រប៉ុណ្ណោះតែចំណីផ្លូវមិនអាចឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់សាងសង់សំណង់រឹងបានឡើយគឺគ្រាន់តែទុកសម្រាប់ចតឡានឬម៉ូតូរបស់ខ្លួន។

លោកអភិបាលរងក្រុងក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មុននឹងសាង់សង់សំណង់រឹងផ្សេងៗ ត្រូវតែសុំច្បាប់ជាមុនសិនទើបខាងជំនាញចុះវាស់វែងកំណត់ព្រំត្រឹមត្រូវហើយហាមសាងសង់លើចំណីផ្លូវសាធារណៈជាដាច់ខាត។

ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋបានយល់ព្រមតាមការកំណត់របស់រដ្ឋបាលក្រុងហើយពួកគាត់ម្នាក់ៗ មានក្តីរំភើបរីករាយក្នុងការសហការរុះរើសំយាបផ្ទះដែលចូលលើចំណីផ្លូវដោយការយល់ស្រប និងសូមអរគុណដល់រដ្ឋបាលក្រុងដែលសម្របសម្រួលក្នុងជំហានទី១៕

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍