លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនរៀបចំកសាងទីសក្ការៈបូជានៅក្បែរជើងកូនភ្នំត្រង់ជ្រោះសែនសុខ ដើម្បីឱ្យពុទ្ធបរិស័ទ និងភ្ញៀវទេសចរជាតិ អន្តរជាតិចូលដុតធូបបួងសួងសុំសេចក្តីសុខ
(ខេត្តប៉ៃលិន)៖ រហូតមកដល់ពេលនេះ បើគេសង្កេតមើលទៅត្រង់ចំណុចជ្រោះសែនសុខដែលមានចម្ងាយពីទីក្រុងប៉ៃលិន ប្រមាណជិត១០គីឡូម៉ែត្រ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងទិសដៅពីកើតទៅលិច ដែលជាផ្លូវឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមតំណាងរាស្ត្រ ឯកឧត្តមក្រុមប្រឹក្សាខេត្ត និងមន្ត្រីក្រោមឱវាទ កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញធ្វើពិធីសែនព្រេនសុំម្ចាស់ទឹកម្ចាស់ដីដើម្បីរៀបចំដាក់តាំង និងកសាងរូបសំណាកធ្វើជាទីសក្ការៈបូជាថ្វាយបង្គំ និងជាកន្លែងទាក់ទាញភ្ញៀវទេសចរឱ្យចូលលេងកម្សាន្ត និងចូលបួងសួងសុំសេចក្តីសុខថែមទៀត។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ដោយសារតែព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋហើយប្រជាពលរដ្ឋភាគច្រើនមានជំនឿទៅលើវិស័យព្រះពុទ្ធសាសនាទើបលោកជំទាវបានរៀបចំកន្លែងបូជា ថ្វាយបង្គំនៅចំណុចជ្រោះសែនសុខទុកសម្រាប់ពុទ្ធបរិស័ទគ្រប់រូបក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមានជំនឿដូចគ្នាចូលមកគោរពបូជា បួងសួង បន់ស្រន់ សុំសេចក្តីសុខចម្រើនរកទទួលទានមានបានចម្រុងចម្រើនដល់ក្រុមគ្រួសារក៏ដូចជាទុកសម្រាប់ឱ្យភ្ញៀវទេសចរឈប់ចតម៉ូតូ រថយន្ត ចូលលេងកំសាន្ត និងទស្សនាព្រោះនេះជាផ្នែកមួយនៃការលើកតម្កើងវិស័យព្រះពុទ្ធសាសនា និងលើកកម្ពស់វិស័យទេសចរណ៍មួយផ្នែកទៀតក្នុងខេត្តប៉ៃលិនឱ្យកាន់តែទាក់ទាញ និងរីកចម្រើនផងដែរ។
ចំណែកឯប្រជាពលរដ្ឋក៏មានការសប្បាយរីករាយដោយឃើញអាជ្ញាធរខេត្តប៉ៃលិនបានរៀបចំសាងសង់ជាទីសក្ការៈបូជាបែបនេះដើម្បីឱ្យមានភាពអ៊ូអរព្រោះកាលពីមុននៅត្រង់កន្លែងខាងលើមានសភាពស្ងប់ស្ងាត់គួរឱ្យខ្លាចជាពិសេសនាពេលយប់តែរហូតមកដល់ពេលនេះ ពួកគាត់មានអារម្មណ៍ធ្ងន់ខ្លួនព្រោះមានរូបព្រះពុទ្ធរូប និងរូបសំណាកឈរចាំការពារថែរក្សាសុវត្ថិភាពជូនពួកគាត់មិនឱ្យមានបញ្ហាអ្វីកើតឡើងនាពេលថ្ងៃ និងពេលយប់ជាពិសេសមានភ្លើងបំភ្លឺនៅសងខាងដងផ្លូវជាច្រើនរហូតដល់ច្រកទ្វារអន្តរជាតិព្រំដែលធ្វើឱ្យពួកគាត់កាន់តែមានភាពកក់ក្តៅថែមទៀតទោះបីជាធ្វើដំណើរពេលយប់ជ្រៅប៉ុណ្ណាក៏ដោយមិនខ្លាចខ្មោចលង ឬមនុស្សអាក្រក់ដូចជាក្មេងស្ទាវណាម្នាក់ធ្វើបាបអ្វីនោះឡើយ។



