ខេត្តប៉ៃលិនបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

(ប៉ៃលិន)៖ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត ប៉ៃលិនបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅបរិវេណសាលាវិទ្យាល័យ ហ៊ុន សែនក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតនៅក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

បើតាមរបាយការណ៍លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិនបានឱ្យដឹងថា ឆ្នាំសិក្សាថ្មី ២០២៤-២០២៥នេះ ខេត្តប៉ៃលិន មានគ្រឹះស្ថានមធ្យមសិក្សាសាធារណៈចំនួន ៩កន្លែង ក្នុងនោះវិទ្យាល័យចំនួន៤ (កើនថ្មី១គឺវិទ្យាល័យមរតក ប៊ុន សុខថា ផ្សារព្រំ) និងអនុវិទ្យាល័យចំនួន៥ ដែលមានសិស្សសរុប ៦.០៦២នាក់ ស្រី ៣.២៥១ នាក់, គ្រឹះស្ថានមធ្យមសិក្សាឯកជនចំនួនមួយកន្លែង សិស្សសរុប ១៤៧នាក់ ស្រី៩៣ នាក់, គ្រឹះស្ថានបឋមសិក្សាសាធារណៈសរុបចំនួន ៥៣ សាលា មានសិស្សសរុប ១១.៤៣០នាក់  ស្រី ៥.៥៥១ នាក់, មត្តេយ្យសិក្សាសាធារណៈចំនួន ២៧កន្លែង (សាលាមត្តេយ្យដាច់ដោយឡែក ២ សាលា) សិស្សសរុប  ១៦៧៧នាក់ ស្រី ៨៤៤នាក់, មត្តេយ្យសហគមន៍ ១៣ កន្លែង សិស្សសរុប ៣៣៤នាក់ ស្រី ១៧៥នាក់ និងមត្តេយ្យឯកជន ១០កន្លែង  សិស្សសរុប  ៦៨៩នាក់ ស្រី ៣១៧នាក់។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា បវេសន កាលឆ្នាំសិក្សា២០២៥-២០២៦ ចាត់ទុកជាឆ្នាំទី៣ ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភាចាប់ផ្ដើម អនុវត្ដអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹង វិស័យអប់រំដូចមានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើការពង្រឹង គុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការដាក់ចេញនូវវិធានការគន្លឹះសម្រាប់ដោះស្រាយក្នុង នីតិកាលទី៧នៃរដ្ឋសភាក្នុងគោលដៅ “លើកកម្ពស់គុណភាពអប់រំ” ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សាតាមរយៈការពង្រឹងកិច្ចការសំខាន់ៗ ព្រមទាំងយុទ្ធសាស្ត្រកំណែទម្រង់អាទិភាព ៨ចំណុចដែលក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញរួមមាន៖

១-ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព

២-កំណែទម្រង់សាលារៀន

៣-ការអភិវឌ្ឍយុវជនដើម្បីលើកកម្ពស់បំណិន សតវត្សទី២១

៤-ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

៥-ការអប់រំឌីជីថល

៦-កំណែទម្រង់សាលាគរុកោសល្យ

៧-ការលើកកម្ពស់សុខភាពសិក្សា

៨-ការបង្កើតមជ្ឍមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា។

លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍ជំរុញដល់មន្ទីរអប់រំ និងគ្រឹះស្ថានសិក្សាគ្រប់កម្រិតត្រូវខិតខំ ពង្រីកសក្ដានុពលរបស់ខ្លួនទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសេវាបង្រៀន និងរៀនដើម្បីឱ្យសាលារៀនរបស់យើងក្លាយទៅជាសាលាកុមារមេត្រី កម្រិតអភិវឌ្ឍន៍ជាសាលារៀនជំនាន់ថ្មី និងជាសាលារៀនគំរូ ប្រកបដោយប្រសិទ្ធភាព និងគុណភាពព្រមទាំងបន្តលើកកម្ពស់សុខភាពសិក្សា និងសុខុមាលភាពលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅគ្រប់គ្រឹះស្ថានសិក្សាថែមទាំងរៀបចំបរិស្ថានសាលារៀនស្អាត បៃតងឱ្យសក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្ដុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត ផ្លូវកាយនៅគ្រឹះស្ថានសិក្សាគ្រប់កម្រិត។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើ និងសំណូមពរដល់លោកគ្រូ អ្នកគ្រូទាំងអស់ត្រូវដើរតួជាបុគ្គលនាំមុខជាឪពុកម្ដាយទី២ ជាមគ្គុទ្ទេសន៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃ ប្រឌិតដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀនរួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស ហើយចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន និងចូលរួមឱ្យបានសស្រាក់សស្រាំក្នុង ”អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ផងដែរ។

សូមបញ្ជាក់ថា៖ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនក៏បានឧបត្ថម្ភជាសម្ភារៈសិក្សា និងថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន ១៤២នាក់ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៣០,០០០រៀល និងសិស្សានុសិស្សចំនួន ២៥៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានសៀវភៅ ១៦០ទំព័រចំនួន ១ក្បាល ប៊ិកចំនួន ១ដើម និងថវិកាចំនួន ១០០០០រៀល។

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍