មន្ត្រីសុរិយោដីខេត្តប៉ៃលិនម្នាក់រងការចោទប្រកាន់ថាប្រើអំពើហិង្សាលើប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយខ្លួនកំពុងដោះស្រាយ
(ខេត្តប៉ៃលិន)៖ ប្រជាពលរដ្ឋម្នាក់បានរងរបួសបែកផ្នែកក្រោមភ្នែកខាងឆ្វេងហូរឈាមជោកថ្ពាល់ដោយអះអាងថា ត្រូវបានមន្រ្តីសុរិយោដីខេត្តប៉ៃលិនម្នាក់បានប្រើអំពើហិង្សាដាល់ទៅលើមុខរបស់ខ្លួនពេញទំហឹង ខណៈទាស់ពាក្យសម្តីគ្នាទៅវិញទៅមកនៅលើដីទំនាស់ ខណៈដែលខាងរដ្ឋបាលស្រុកសាលាក្រៅកំពុងចូលរួមដោះស្រាយទំនាស់ជាច្រើនលើកច្រើនសារ។
ហេតុការណ៍មន្រ្តីសុរិយោដីខេត្តប៉ៃលិនម្នាក់រងការចោទប្រកាន់ប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋនេះបានកើតឡើងកាលពីវេលាម៉ោង ១២:០៥នាទីថ្ងៃត្រង់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ឹង ហុកតិច ភេទប្រុស អាយុ៤៤ឆ្នាំ រងរបួសបែកក្រោមភ្នែកខាងឆ្វេង។ រីឯជនបង្កមានឈ្មោះ ហ៊ាន ពិសិទ្ធិ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ជាមន្រ្តីសុរិយោដីផ្នែកសំណង់នៃមន្ទីរសុរិយោដីខេត្តប៉ៃលិន។
បើតាមការរៀបរាប់ពីជនរងគ្រោះ ឈ្មោះ អ៊ឹង ហុកតិច បានឱ្យដឹងថា លោកមានបញ្ហាទំនាស់ដីធ្លីជាមួយនឹងមន្រ្តីសុរិយោដីខាងលើអស់រយៈពេលជាច្រើនឆ្នាំមកហើយក៏ត្រូវបានខាងអាជ្ញាធរស្រុកសាលាក្រៅហៅទៅដោះស្រាយគ្នាជាច្រើនលើកច្រើនសារខណៈដែលមន្រ្តីសុរិយោដីខាងលើបានបោះបង្គោលព្រំដីចូលទៅលើដីរបស់ខ្លួនជាច្រើនម៉ែត្រ។ លោកបន្តទៀតថា លុះរហូតមកដល់ថ្ងៃកើតហេតុ ខាងមន្ត្រីរដ្ឋបាលស្រុកសាលាក្រៅ បានហៅភាគីទាំងសងខាងទៅចូលរួមដោះស្រាយគ្នាបន្តទៀតតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ស្រាប់តែជនបង្កប្រើពាក្យសម្តីមិនសមរម្យមកលើរូបលោកដោយខ្លួនគេមានវ័យក្មេងតែប្រើពាក្យសម្តីអាម៉ឹង មិនស្គាល់ចាស់ក្មេង ទើបរូបគេដើរទៅសួរនាំស្រាប់តែមន្រ្តីសុរិយោដីខាងលើ បានស្ទុះមកដាល់ខ្លួនចំមុខពេញទំហឹងបណ្តាលឱ្យបែករងរបួសហូរឈាមតែម្តង។
ប្រភពបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងត្រង់រួចរាល់អស់ហើយដោយទារសំណងជំងឺចិត្ត១ម៉ឺនដុល្លារ និងសុំឱ្យវាស់វែងដីធ្លីឱ្យត្រឹមត្រូវតាមប្លង់កំណត់ឡើងវិញ។
បើតាមលោក ហ៊ាន ពិសិទ្ធិ មន្ត្រីសុរិយោដីផ្នែកសំណង់នៃមន្ទីរសុរិយោដីខេត្តប៉ៃលិនបានឱ្យដឹងថា ការជជែកគ្នារឿងទំនាស់ដីធ្លីទៅវិញទៅមករហូតដល់ភាគីម្ខាងទៀត បានដើរទៅរកលោកទើបមានការប្រវាយប្រតប់គ្នាក៏មុតនឹងចិញ្ចៀនបណ្តាលឱ្យរយះថ្ពាល់តែម្តង។
ពាក់ព័ន្ធនឹងបញ្ហានេះលោក គឹម សុខា អភិបាលរងស្រុកសាលាក្រៅ ទទួលបន្ទុកផ្នែកទំនាស់ដីធ្លីបានឱ្យដឹងថា ជនរងគ្រោះមានបញ្ហានឹងគ្នានៅក្រៅម៉ោងការងារដោយខាងលោកបានចូលរួមដោះស្រាយតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ដល់ម៉ោងសម្រាកទៅហើយស្រាប់តែជនរងគ្រោះ និងជនបង្កបានប្រើពាក្យសម្តីមិនសមរម្យដាក់គ្នាទៅវិញទៅមកក៏ឈានដល់មានហេតុការណ៍នេះកើតឡើងតែម្តង៕


