រោងចក្រក្នុងខេត្តហ៊ឺណាន សាធារណៈរដ្ឋប្រជាមានិតចិន គ្រោងនឹងមកបើករោងចក្រនៅក្នុងខេត្តប៉ៃលិននាពេលឆាប់ៗនេះតាមរយៈដំណើរទស្សនកិច្ចរបស់លោកជំទាវអភិបាលខេត្តប៉ៃលិន
(ខេត្តប៉ៃលិន)៖ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានដឹកនាំគណៈប្រតិភូចំនួន១៤រូបរួមមាន តំណាងក្រសួងបរិស្ថាន តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តប៉ៃលិនអញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីរោងចក្រឧស្សាហកម្មទំនើប និងបច្ចេកវិទ្យាថ្មីដើម្បីការពារបំពុលបរិស្ថានក្នុងក្រុងឡូឌី ខេត្តហ៊ឺណាន ប្រទេសចិន។
ប្រភពព័ត៌មានពីមន្ត្រីសាលាខេត្តប៉ៃលិនបានឱ្យដឹងថា គោលបំណងនៃទស្សនកិច្ចនេះគឺដើម្បីពង្រឹងទំនាក់ទំនង និងស្វែងរកឱកាសសហការជាមួយវិនិយោគិន និងសហគ្រាសឧស្សាហកម្មចិនដើម្បីស្វែងយល់អំពីបច្ចេកវិទ្យា និងប្រព័ន្ធគ្រប់គ្រងទំនើបក្នុងវិស័យឧស្សាហកម្ម។ លើសពីនេះទៀត ការធ្វើទស្សនកិច្ចមានបំណងទាក់ទាញវិនិយោគថ្មីៗ ទៅកាន់ប្រទេសកម្ពុជាជាពិសេសខេត្តប៉ៃលិនដើម្បីបង្កើនឱកាសការងាររបស់ប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចក្នុងតំបន់ឱ្យរីកចម្រើនតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ជាលទ្ធផលនៃទស្សនកិច្ចនេះ មានស្ថាប័ន និងសហគ្រាសឧស្សាហកម្មមួយនៅខេត្តហ៊ឺណានបង្ហាញចំណាប់អារម្មណ៍ខ្ពស់លើឱកាសវិនិយោគនៅកម្ពុជា និងគ្រោងបើករោងចក្រនៅខេត្តប៉ៃលិនក្នុងរយៈពេលដ៏ខ្លីខាងមុខដែលជាសញ្ញាដ៏ល្អនៃភាពជោគជ័យ និងការខិតខំប្រឹងប្រែងរបស់លោកជំទាវអភិបាលខេត្តក្នុងការទាក់ទាញវិនិយោគ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។
នៅចុងបញ្ចប់ គណៈប្រតិភូបានថ្លែងអំណរគុណដល់ភាគីចិន និងសហគ្រាសទទួលស្វាគមន៍សម្រាប់ការយកចិត្តទុកដាក់យ៉ាងកក់ក្តៅ ការផ្តល់សហការយ៉ាងរួសរាយរាក់ទាក់ និងការចែករំលែកបទពិសោធន៍ដ៏មានតម្លៃផងដែរ៕








