ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកលេងខេត្តប៉ៃលិនយ៉ាងច្រើនកុះករនាឱកាសបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ
(ខេត្តប៉ៃលិន)៖ រហូតមកដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គេសង្កេតឃើញភ្ញៀវទេសចរនៅក្នុងតំបន់ ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិដែលបាននាំគ្នាធ្វើដំណើរមកពីបណ្តាខេត្តនានាចូលមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិនច្រើនគួរឱ្យកត់សម្គាល់ខណៈដែលប្រជាពលរដ្ឋក៏ដូចជាអាជីវករលក់ដូរនៅតាមកន្លែងកម្សាន្តនីមួយៗ មមាញឹកក្នុងការលក់ឱ្យភ្ញៀវស្ទើរតែមិនទាន់។
ប្រភពព័ត៌មានពីភ្ញៀវទេសចរម្នាក់ ឈ្មោះ វាសនា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅក្នុងខេត្តបាត់ដំបង បានប្រាប់ឱ្យភ្នាក់ងារយើងដឹងថា នាឱកាសបុណ្យអុំទូក អកអំបុក និងសំពះព្រះខែឆ្នាំ២០២៥នេះ ពួកគាត់បាននាំគ្នាធ្វើដំណើរចូលមកលេងកម្សាន្តក្នុងខេត្តត្បូងពេជ្រជាលក្ខណៈគ្រួសារដោយបើកបររថយន្តចេញពីផ្ទះនាពេលរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ដោយមកជួលស្នាក់នៅក្នុងសណ្ឋាគារប៉ៃលិនស៊ីធីក្នុងក្រុងប៉ៃលិន១យប់រហូតដល់ពេលព្រឹកទើបពួកគាត់បានធ្វើដំណើរទៅលេងកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវ (អូរតាវ៉ៅ) ហើយក៏នាំគ្នាបន្តទៅលេងរមណីយដ្ឋានចំការខ្នុរ រមណីយដ្ឋានម្លប់សាវម៉ាវដោយនៅទីនោះ អ្នកខ្លះនាំគ្នាចុះងូតទឹកលេងនៅក្នុងអូរដែលធ្វើឱ្យត្រជាក់កាយសប្បាយចិត្ត បំបាត់ភាពតានតឹង និងទុក្ខកង្វល់ផ្សេងៗ។ លោកបន្តទៀតថា នៅពេលទទួលទានអាហារថ្ងៃត្រង់ ពួកគាត់បានកុម្មង់បាយ និងម្ហូបនៅក្នុងរមណីយដ្ឋានតែម្តង ដោយមានម្ហូបល្បីប្រចាំខេត្តប៉ៃលិនគឺឆាដើមក្រវ៉ាញជាមួយសាច់ជ្រូក សាច់មាន់ សាច់ទា ដែលជាបន្លែដ៏មានឱជារសឈ្ងុយប្រហើរគួរឱ្យចង់ទទួលទានម្តងហើយលើកក្រោយទិញទទួលទានម្តងទៀត។
លោកបានបញ្ជាក់ទៀតថា ការធ្វើដំណើរមកលេងខេត្តប៉ៃលិននេះគឺពួកគាត់នាំគ្នាធ្វើដំណើរជាលក្ខណៈក្រុមគ្រួសារដោយធ្វើការស្នាក់នៅក្នុងសណ្ឋាគាររយៈពេល២ទៅ៣យប់។ បន្ទាប់ពីដើរលេងកម្សាន្តនៅគ្រប់កន្លែងរួចរាល់ហើយនឹងនាំប្រពន្ធកូនវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញដើម្បីបន្តប្រកបមុខរបរចិញ្ចឹមជីវិតសារថ្មី។
ចំណែកលោក លីម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិនបានប្រាប់ភ្នាក់ងារយើងឱ្យដឹងដែរថា នាឱកាសថ្ងៃឈប់សម្រាករបស់ប្រជាពលរដ្ឋដែលជាថ្ងៃបុណ្យនេះ ចំនួនភ្ញៀវទេសចរដែលធ្វើដំណើរមកទស្សនាកម្សាន្តនៅទូទាំងខេត្តប៉ៃលិន ក្នុងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាថ្ងៃទី១ នៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ គឺមានភ្ញៀវទេសចរជាតិមានចំនួន៣០,៦៤៣នាក់ រីឯភ្ញៀវទេសចរអន្តរជាតិមានចំនួន១៧៥នាក់។ លោកបន្តទៀតថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ៣០,៨១៨នាក់។ លោកក៏អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមភូមិ និងអ្នកដែលរស់នៅក្បែរកន្លែងកម្សាន្តនានាទូទាំងខេត្តប៉ៃលិនត្រូវយកចិត្តទុកដាក់សម្អាតអនាម័យបរិស្ថានឱ្យបានស្អាតជាប់ជានិច្ចដើម្បីងាយស្រួលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកលេងកម្សាន្តនៅក្នុងខេត្តប៉ៃលិន កាន់តែច្រើនឡើងៗ ដែលអាចបង្កឱ្យការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិនកាន់តែដាច់ និងទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ។ ជាពិសេសការរៀបចំភ្លើងអគ្គីសនីបំភ្លឺនាពេលយប់របស់រដ្ឋបាលខេត្តប៉ៃលិនគឺបញ្ចេញរស្មីយ៉ាងត្រចះត្រចង់គួរឱ្យចង់គយគន់ដែលធ្វើឱ្យអ្នកធ្វើដំណើរតាមដងផ្លូវនាពេលយប់មិនខ្លាចអ្វីឡើយ៕







