ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិជួបនូវភាពសប្បាយរីករាយនាឱកាសបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកជាពិសេសនៅថ្ងៃទី៥ ជាថ្ងៃចុងក្រោយ
(ខេត្តប៉ៃលិន)៖ នាពេលថ្ងៃ និងពេលយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តប៉ៃលិនបាននាំមកនូវភាពសប្បាយរីករាយខណៈដែលប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិបាននាំគ្នាទៅដើរលេងកម្សាន្តនៅលើសួនកុមារទល់មុខនឹងសាលាខេត្តប៉ៃលិនដើម្បីរង់ចាំរហូតដល់ពាក់កណ្តាលអធ្រាត្រជាពេលដែលដួងខែកំពុងតែពេញវង់ហើយពួកគេនឹងទៅចូលរួមក្នុងពិធីបុណ្យអកអំបុកនៅក្នុងវត្តនីមួយៗ ទូទាំងខេត្តប៉ៃលិនដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ជាតិខ្មែរតាំងពីដូនតាដ៏យូរលង់ណាស់មកហើយ។
ប្រភពព័ត៌មានពីបុរសម្នាក់ ឈ្មោះ សាយ ប៊ុនសាត អាយុ៣៧ឆ្នាំ មកពីខេត្តបាត់ដំបងបានរៀបរាប់ឱ្យដឹងថា ពួកគាត់បានធ្វើដំណើរមកលេងខេត្តប៉ៃលិនអស់រយៈពេល២យប់៣ថ្ងៃមកហើយដោយនាំគ្នាស្នាក់នៅផ្ទះបងប្អូនក្នុងក្រុងប៉ៃលិន ក្នុងគោលបំណងចូលរួមពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកព្រោះអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលពួកគេមិនដែលមកលេងនៅខេត្តប៉ៃលិនឡើយ។ តែនៅឆ្នាំ២០២៥នេះ ជាឱកាសល្អ ទំនេរពីការងារក៏បានពិភាក្សាជាមួយប្រពន្ធកូន និងបងប្អូនរួចនាំគ្នាបើកបររថយន្តចំនួន៣គ្រឿងចូលមកលេងនៅក្នុងខេត្តប៉ៃលិនតែម្តង។ លោកបន្តទៀតថា ទិដ្ឋភាពនាពេលយប់ក្នុងក្រុងប៉ៃលិនពិតជាស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ណាស់ដោយមានភ្លើងអគ្គិសនីបំភ្លឺគ្រប់ទីកន្លែងហើយលោកសង្កេតឃើញថា អាជ្ញាធរខេត្តប៉ៃលិនបានរៀបចំតុបតែងជាផ្កាភ្ញីជារូបសត្វគ្រប់ប្រភេទ ដែលមើលទៅហាក់ដូចជាប្លែកភ្នែកខុសពីបណ្តាខេត្តនានាមួយចំនួនធ្វើឱ្យអារម្មណ៍រំភើប និងអរសប្បាយជាមួយក្រុមគ្រួសារ។ មិនត្រឹមតែប៉ុណ្ណោះនៅលើសួនកុមារក៏មានល្បែងកម្សាន្តសម្រាប់ក្មេងៗ នាំគ្នាជិះលេងយ៉ាងសប្បាយហើយក៏មានម្ហូបអាហារ ផ្លែឈើ និងនំ បង្អែមលក់ដូរនៅជុំវិញសួនគ្រប់មុខ គ្រប់ប្រភេទថែមទៀតផង។
លោកបញ្ជាក់ថា រីឯពេលថ្ងៃនៅតាមបណ្តារមណីយដ្ឋានជាច្រើនក៏មានរៀបចំតុបតែងយ៉ាងស្រស់ស្អាត និងមានសណ្តាប់ធ្នាប់ល្អដើម្បីទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យចូលមកលេងកាន់តែច្រើនកុះករថែមទៀត។ លោកបន្ថែមទៀតថា ភាពសប្បាយរីករាយនេះ មិនត្រឹមតែជាការកម្សាន្តធ្វើឱ្យអារម្មណ៍ស្រស់ថ្លាប៉ុណ្ណោះទេតែវាបានបង្ហាញយ៉ាងច្បាស់អំពីការថែរក្សានូវទំនៀមទម្លាប់ប្រពៃណីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរក្នុងលក្ខណៈជាមហាគ្រួសារខ្មែរតែមួយក្រោមម្លប់សន្តិភាពដ៏យូរអង្វែង។
ចំណែកលោក លីម វាសនា ប្រធានមន្ទីរទេសចរខេត្តប៉ៃលិនបានរៀបរាប់ឱ្យដឹងដែរថា ចំនួនភ្ញៀវទេសចរដែលធ្វើដំណើរមកទស្សនាកម្សាន្តនៅទូទាំងខេត្តប៉ៃលិននាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២ នៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែនេះគឺភ្ញៀវទេសចរជាតិមានចំនួន ៥៩,៩៨៩នាក់ និងភ្ញៀវទេសចរអន្តរជាតិ ចំនួន១៤៣នាក់។ លោកបន្តទៀតថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ៦០,១៣២នាក់ដែលចូលទៅលេងនៅតាមរមណីយដ្ឋាននានាដូចជារមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ អូរតាវ៉ៅ រមណីយដ្ឋានចំការខ្នុរ រមណីយដ្ឋានម្លប់សាវម៉ាវ និងនៅកន្លែងកម្សាន្តស្ពានតារាបព្រមទាំងនៅរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំយ៉ាតផងដែរ។
លោកបន្ថែមទៀតថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិពិតជាចូលចិត្តក្នុងការដើរលេងកម្សាន្តដើម្បីបំបាត់នូវទុក្ខកង្វល់ និងបង្កើននូវភាពស្រស់ស្រាយ សប្បាយចិត្ត បង្កើននូវអាយុយឺនយូរជាពិសេសពេលទៅលេងនៅតាមរមណីយដ្ឋានដែលមានទឹកធ្លាក់ ពួកគាត់តែងតែចុះងូតទឹកលេងធ្វើឱ្យអារម្មណ៍ស្រស់ថ្លារហូតដល់ពេលល្ងាចទើបនាំគ្នាធ្វើដំណើរត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ៕



