លោក ហ៊ាន ពិសិដ្ឋ មន្ត្រីសុរិយោដីប៉ៃលិនធ្វើការស្រាយបំភ្លឺករណីចុះដោះស្រាយទនាស់ដីធ្លីឈានដល់ការប្រតាយប្រតប់គ្នាត្រូវបានសម្របសម្រួលពីថ្នាក់ដឹកនាំខេត្ត
(ខេត្តប៉ៃលិន)៖ បុរសម្នាក់ត្រូវបានគេស្គាល់ថា ឈ្មោះ ហ៊ាន ពិសិដ្ឋ ជាមន្ត្រីសុរិយោដីបំរើការនៅច្រកចេញចូលតែមួយទទួលបន្ទុកការងារសំណង់នៃរដ្ឋបាលខេត្តប៉ៃលិន មានទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើការបំភ្លឺករណីបានប្រតាយប្រតប់គ្នាកាលពីពេលថ្មីៗកន្លងទៅខណ:ពេលដែលចុះអនុវត្តវិវាទដីធីដូចខាងក្រោម។
ដោយលោកមានចេញជាសំណេរថា ខ្ញុំបាទបានទិញដីពីលោក ម៉ម ហុន សមាជិកក្រុមប្រឹក្សាស្រុកសាលាក្រៅ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ កាលនោះខ្ញុំបានអញ្ជើញលោក ម៉ម ហុន និងលោក អ៊ឹង ហុកតិច ជាប់ព្រំសងខាងមកកំណត់ព្រំ វាស់វែង ដាក់បង្គោលដើម្បីកំណត់ព្រំកម្មសិទ្ធិមុននឹងសម្រេចធ្វើលិខិតទិញលក់។
លោកបានបន្តទៀតថា ពេលមន្ទីររៀបចំដែនដីចុះប្រកាសតំបន់វិនិច្ឆ័យនៅភូមិអូរដូនតាក្រោម ខ្ញុំបានសុំឱ្យក្រុមវាស់វែងដីធ្លីចុះបញ្ជីដីធ្លីលក្ខណៈជាប្រពន្ធ័ចុះវាស់វែងចុះបញ្ជីតែត្រូវបានបដិសេធពីលោក អ៊ឹង ហុកតិច រារាំងមិនឱ្យវាស់វែង និងចុះបញ្ជីដោយគាត់សំអាងថា ដីនោះលោក ម៉ម ហុន បានយកដីគាត់លក់មកឱ្យខ្ញុំ។ ខ្ញុំព្យាយាមសម្របសម្រួលភាគីសងខាងដើម្បីអាចចុះបញ្ជីដីធ្លីបាន។ រហូតដល់ថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ២០២៥ ខ្ញុំបានដាក់លិខិតមួយច្បាប់គោរពជូនលោកអភិបាលស្រុកស្នើសុំជួយសម្របសម្រួលដើម្បីបញ្ចប់វិវាទ។
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោកអភិបាលរងស្រុក គឹម សុខា បានកោះហៅខ្ញុំឱ្យចូលរួមសម្របសម្រួលជាមួយលោក ម៉ម ហុន និងលោក អ៊ឹង ហុកតិច ដោយមានការចូលរួមពីលោក នួន ប៊ុនថុល ប្រធានភូមិបាលស្រុកសាលាក្រៅ លោក អ៊ឹម ភារ៉ុន អនុប្រធានភូមិវាល លោក វ័រ រួម ជំទប់ទី១ឃុំស្ទឹងត្រង់ លោក កែវ រំដេត សមាជិកក្រុមប្រឹក្សា និងអាជ្ញាធរបានចូលរួមសម្របសម្រួលជាច្រើននាក់។
លោក គឹម សុខា និងលោក នួន ប៊ុនថុល គាត់បានលើកឡើងថា ពួកគាត់មកទីនេះគាត់មានតួនាទីសម្របសម្រួល មិនកាត់ឱ្យអ្នកណាឈ្នះ មានអ្នកណាចាញ់នោះឡើយ អោយភាគីទាំងបីបើកចិត្តឱ្យទូលាយទទួលការសម្របសម្រួលទាំងអស់គ្នាដើម្បីបញ្ចប់ការវិវាទ។
ដើម្បីអាចចុះបញ្ជីដីធ្លីទរួចបាន ខ្ញុំបានយល់ព្រមប្រគល់ដីមួយផ្នែកទៅឱ្យលោក អ៊ឹង ហុកតិច ដើម្បីបញ្ចប់រឿងមិនចង់ឱ្យមានរឿងរ៉ាវវែងឆ្ងាយ។
ចំណែកលោក ម៉ម ហុន គាត់បដិសេធពុំអាចកាត់ដី ឱ្យថែមទៀតទេ គាត់ថាគាត់មានកូនច្រើនទុកចែកឱ្យកូនៗ។ ក្រោយពីមានការជជែក ដោះស្រាយ វាស់វែងទល់មួយព្រឹកធំ លោក អ៊ឹង ហុកតិច លោក ម៉ម ហុន រួមទាំងរូបខ្ញុំបាទបានឯកភាពដើម្បីឱ្យក្រុមវាស់វែងធ្វើកំណត់ហេតុបញ្ចប់វិវាទក្រោមបរិយាកាសរីករាយ ដោយមើលឃើញការឯកភាពគ្នា ខ្ញុំបានឱ្យប្រពន្ធពូហុនរៀបចំបាយទឹកមួយពេលជូនក្រុមការងារដោយសារហត់នឿយដោះស្រាយពេញមួយព្រឹកធំជូនដល់ក្រុមការងារទាំងអស់គ្នាចំណែកការងារបន្តលោក អ៊ឹម ភារ៉ុន រៀបចំធ្វើកំណត់ហេតុបញ្ចប់រឿង។
ប្រហែលជាម៉ោងជិត១២ ថ្ងៃត្រង់ លោក អ៊ឹង ហុកតិច គាត់បានប្រែចិត្តមិនព្រមវិញដោយគាត់បានទាមទារដីរបស់ខ្ញុំបន្ថែមទៀតរហូតមានការជជែកប៉ះពាល់ពាក្យសម្តីគ្នាបន្តិចបន្តួចបន្ទាប់មកលោក អ៊ឹង ហុកតិច បានស្ទុះមកសំដៅមកខ្ញុំបំណងបង្កហិង្សាដល់រូបខ្ញុំ ពេលនោះខ្ញុំក៏ប្រើសិទ្ធការពារខ្លួនក៏បានទប់ហើយក៏គ្រវៀសដៃប៉ះមុខរបស់គាត់មានរបួសបន្តិចបន្តួចដោយមុតនឹងចិញ្ចៀនត្បូងរបស់ខ្ញុំដោយនៅទីនោះមានអាជ្ញាធរជាសាក្សី មានម្ចាស់ផ្ទះគាត់បានឃើញហេតុការណ៍នេះដែលកើតឡើងដោយអចេតនា។
ក្រោយមកលោក អ៊ឹង ហុកតិច បានស្រែកថា តែប៉ុណ្ណេះបានហើយៗ ស្រែកខ្លាំងៗ រត់សំដៅទៅឡានគាត់ ខ្ញុំមានអារម្មណ៍ភិតភ័យ ខ្ញុំពុំដឹងថាគាត់មានបំណងទៅយកអ្វីពីក្នុងឡានរបស់គាត់មកបង្កបញ្ហាអ្វីទៀតទេ ខ្ញុំក៏បានប្រាប់លោក គឹម សុខា និងពូអ៊ិន ណារិន បើកឡានចេញមកផ្ទះវិញកុំឱ្យមានរឿងរ៉ាវធំបន្តទៀត។ នៅថ្ងៃដដែលលោក អ៊ឹង ហុកតិច បានដាក់ពាក្យបណ្តឹងនៅឃុំស្ទឹងត្រង់ និងអធិការស្រុកសាលាក្រៅទាមទារសំណងទឹកប្រាក់ ១០០០០ដុល្លារ (មួយម៉ឺនដុល្លារសហរដ្ឋអាមេរិក) រួចទាមទារឱ្យមន្ត្រីនគរបាលយុត្តិធម៌ចាប់ឃាត់ឡាន និងឃុំខ្លួនរូបខ្ញុំ។
កាលពីនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អ៊ឹង ហុកតិច បានបកស្រាយរឿងវិវាទក្នុងសារព័ត៌មានជាច្រើនបកស្រាយខុសពីការពិតជាសាធារណៈបង្ខូចកិត្តិយសរូបខ្ញុំបាទតាមតែអំពើចិត្តនិងផ្សាយពាសពេញបណ្តាញហ្វេសប៊ុក SHARE ជាសាធារណៈធ្វើឱ្យខ្ញុំប៉ះពាល់កិត្តិយស។ ដើម្បីពន្លត់រឿងដ៏អាក្រក់នេះដែលខ្ញុំពុំធ្លាប់ជួបចាប់តាំងពីខ្ញុំមករស់នៅលើដីខេត្តប៉ៃលិនដែលមានលោកយាយយ៉ាតដ៏ស័ក្តិសិទ្ធិ ខ្ញុំយល់ព្រមទទួលការសម្របសម្រួលគ្រប់បែបយ៉ាងដើម្បីបញ្ចប់ការវិវាទទាំងរឿងទំនាស់ដីធ្លី និងទំនាស់របួសស្នាមបន្តិចបន្តួចរហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីទាំងសងខាងក៏យល់ព្រមយកការសម្របសម្រួលឈរលើគោលនយោបាយឈ្នះឈ្នះទាំងអស់គ្នាដោយសម្រួលទាំងវិវាទដីធ្លី និងរបួសស្នាមហើយរាប់គ្នាឈប់គុំគួនចាប់ពីថ្ងៃនេះតទៅ៕





