សមត្ថកិច្ចបង្ហាញមុខក្រុមបក្សពួកចោរប្លន់-លួចម៉ូតូមានស្ថានទម្ងន់ទោសចំពោះមុខលោកសរ សុពុត្រា អភិបាលខេត្ត
(ខេត្តស្ទឹងត្រែង)៖ ក្រោយពីទទួលបានព័ត៌មានស្ដីពីករណីលួចមានស្ថានទម្ងន់ទោស (ប្លន់) កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១ៈ៤២នាទីរំលងអាធ្រាត្រ។ នៅចំណុចលើផ្លូវជាតិលេខ២២ ទល់មុខច្រកចូលអាហារដ្ឋានទឹករាំ ភូមិលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ក្រោយបានទទួលព័ត៌មានពីពលរដ្ឋ លោកអភិបាលខេត្តបានបញ្ជាដោយផ្ទាល់ទៅស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តឱ្យបើកប្រតិបត្តិការបង្ក្រាបក្រុមនេះខាងតែបាន។
កម្លាំងជំនាញដឹកនាំដោយឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តបានប្រើប្រាស់រយៈពេល ១២ម៉ោង ក្នុងការស្រាវជ្រាវឈានទៅបង្ក្រាបបានទាំងស្រុងព្រមទាំងពន្លាតបន្ថែមបានមួយករណីទៀត។ ក្រោមការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត។ បច្ចុប្បន្នជនសង្ស័យទាំងអស់កំពុងសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
លោកសរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ឱ្យដឹងថា ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះស្នងការ ស្នងការរង អធិការក្រុង និងកម្លាំងប្រតិបត្តិការទាំងអស់ដែលបានអនុវត្តបទបញ្ជាប្រកបដោយការទទួលខុសត្រូវ ការខិតខំប្រឹងប្រែងរបស់បងប្អូនគឺជាសេចក្តីសុខរបស់ប្រជាជន។ លោកអភិបាលខេត្តបានបន្ថែមថា ក្រោយកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចថា សូមឱ្យកងកម្លាំងបន្តស្មារតីនេះឱ្យខ្លាំងក្លាបន្ថែមទៀតដើម្បីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរំពឹងទុកចិត្តលើសមត្ថកិច្ចដែលជាអ្នកការពារ ជូនពួកគាត់ និងជាក្តីសង្ឃឹមលើរដ្ឋបាលខេត្តយើង។









