អតីតមន្រ្តីយោធាម្នាក់ត្រូវកូនប្រុសបែកថ្នាំទាញចបវាយប្រហារបណ្តាលឱ្យស្លាប់ខណៈទាស់ពាក្យសម្តីគ្នាតិចតួច

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ខេត្តប៉ៃលិន)៖ បុរសម្នាក់ត្រូវគេស្គាល់ថា ជាអតីតមន្រ្តីយោធាចូលនិវត្តន៍បានរងរបួសធ្ងន់ស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈដែលជនរងគ្រោះទាស់ពាក្យសម្តីគ្នាតិចតួចជាមួយនឹងកូនបង្កើតដោយឪពុកបានទះកំផ្លៀងជនរងគ្រោះមួយដៃបណ្តាលឱ្យជនដៃដល់ខឹងច្រឡោតក៏ទាញយកចបកាប់វាយប្រហារទៅលើឪពុកបង្កើតរបស់ខ្លួនបណ្តាលឱ្យត្រូវរបួសចំក្បាល និងរបួសកប្រកាច់ស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមតែម្តង។

ហេតុការណ៍បុរសម្នាក់បែកថ្នាំទាញយកចបជីកវាយប្រហារទៅលើឪពុកបង្កើតរបស់ខ្លួនបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនេះបានកើតឡើងនៅវេលាម៉ោង ៨:៤៥នាទីព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណផ្ទះជនរងគ្រោះ ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បើតាមប្រភពព័ត៌មានពីលោក សាន់ សរ មេភូមិប៉ាហ៊ីជើង បានឱ្យភ្នាក់ងារយើងដឹងថា ជនរងគ្រោះមានឈ្មោះ អោង ខែម ភេទប្រុស អាយុ៦៧ឆ្នាំ ជាអតីតមន្រ្តីយោធារីឯកូនឈ្មោះ បៀង អំណត់ ភេទប្រុស អាយុ៣៦ឆ្នាំ ទាំង២នាក់រស់នៅជាមួយគ្នាក្នុងភូមិខាងលើ។

លោកបន្តទៀតថា មុនពេលកើតហេតុជនដៃដល់ជាកូន បានដើរកើបលាមកសត្វឆ្កែអ្នកភូមិដែលបានចូលមកបន្ទោរបង់នៅក្នុងបរិវេណផ្ទះរបស់ខ្លួនដោយស្រែកជេរបញ្ចោរខ្លាំងៗ ធ្វើឱ្យរំខានដល់ឪពុកជាជនរងគ្រោះលុះប្រកែកគ្នាចុះឡើងៗ ជនរងគ្រោះក៏ស្ទុះទៅទះកំផ្លៀងជនដៃដល់មួយដៃពេញទំហឹងទើបធ្វើឱ្យជនដៃដល់ក្តៅស្លឹកត្រចៀកក៏រត់ទៅទាញយកចបកាប់ដែលនៅក្បែរនោះ កាប់ប្រហារទៅលើឪពុកបណ្តាលឱ្យត្រូវរបួសក្បាលផ្នែកខាងមុខ និងរបួសកស្លាប់ក្នុងថ្លុកឈាមភ្លាមៗ នៅនឹងកន្លែងតែម្តង។ លោកបន្តទៀតថា ពេលនោះកូនដទៃទៀត ដែលរស់នៅក្បែរឃើញក៏រត់ទៅបម្រុងនឹងជួយជនរងគ្រោះដែរតែអ្វីៗ បានហួសពេលបាត់ទៅហើយខណៈដែលជនដៃដល់ឃើញសភាពមិនស្រួលក៏ទម្លាក់ចបកាប់ចោលរត់គេចខ្លួនបាត់ស្រមោល។ លោកបន្ថែមទៀតថា ពេលនេះក្រុមសមត្ថកិច្ចនគរបាលក្រុងប៉ៃលិន កំពុងតែដុតដៃដុតជើងតាមរកចាប់ជនដៃដល់ជាកូន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

លោកមេភូមិបញ្ជាក់ទៀតថា ជនដៃដល់ធ្លាប់ប្រើប្រាស់ថ្នាំញៀនរហូតដល់បែកថ្នាំហើយក៏បង្កហិង្សាដល់អ្នកដទៃជាញឹកញាប់ដោយត្រូវជាប់ពន្ធនាគារកាលពីប៉ុន្មានឆ្នាំមុន ត្រូវបានឪពុកធានាឱ្យចេញក្រៅឃុំដើម្បីរស់នៅជាមួយខ្លួនលុះនៅថ្ងៃកើតហេតុបន្ទាប់ពីឈ្លោះប្រកែកគ្នាក៏កាប់ប្រហារស្លាប់តែម្តង។

បច្ចុប្បន្នជនរងគ្រោះ ក្រោយពិនិត្យសពរួចក៏ប្រគល់ជូនក្រុមគ្រួសារឱ្យរៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍